ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកម្ពុជា

នារសៀលថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រួវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា បន្ទាប់ពីសម្ដេចបានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នៅសហរដ្ឋអាមេរិក, បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋគុយបា និងចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃ២៨ ខែកញ្ញា ឆ្នាំ២០២២។

អញ្ជើញទទួលគារវកិច្ចសម្ដេចតេជោ ហ៊ុន សែន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះ រួមមាន សម្ដេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់កងកម្លាំងនគរបាលជាតិ កងយោធពលខេមរភូមិន្ទ ឯកឧត្តម ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ព្រមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត។

យោងតាមហ្វេសប៊ុកផេកសម្ដេចតេជោ លទ្ធផល នៃបេសកកម្មនៅក្រៅប្រទេសរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី រយៈពេលពេញមួយសប្តាហ៍កន្លងទៅនេះ គឺទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់សម្រាប់ជាតិមាតុភូមិ។ ក្នុងនោះ ទាក់ទងទៅនឹងសម័យប្រជុំលើកទី៧៧ នៃកិច្ចពិភាក្សាទូទៅ របស់មហាសន្និបាតអង្គការសហប្រជាជាតិ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញធ្វើសេចក្តីថ្លែងការណ៍ជាតិរបស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាទូទៅរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។

បទអន្តរាគមន៍នោះ បានផ្តោតលើតួនាទីស្ថាបនារបស់កម្ពុជាក្នុងការគាំទ្រពហុភាគីនិយមផ្អែកលើគោលការណ៍ច្បាប់ ការរួមសហការគ្នាប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ផ្នែកសន្តិសុខជាសកលដែលកំពុងបន្តកើតមាន ការប្រែប្រួលអាកាសធាតុ ការពង្រឹងប្រព័ន្ធពាណិជ្ជកម្មពហុភាគី គោលនយោបាយឌីជីថលនិងសេដ្ឋកិច្ចបៃតង ព្រមទាំងការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា និងខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ និងការរក្សាបាននូវនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច-សង្គមយូរអង្វែង។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានជួបជាបន្តបន្ទាប់គ្នា ជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ ថ្នាក់ដឹកនាំក្រុមប្រឹក្សាអឺរ៉ុប និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ។

សម្រាប់ដំណើរបំពេញទស្សនកិច្ចទៅកាន់ប្រទេសគុយបា សម្ដេចតេជោ បានទទួលជួបជាមួយថ្នាក់ដឹកនាំរបស់ប្រទេសគុយបាសំខាន់ៗដូចជា ឯកឧត្តមប្រធានាធិបតីគុយបា ប្រធានរដ្ឋសភាគុយបា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត រួមទាំងការចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៣ផងដែរ សម្រាប់បម្រើប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខឲ្យកាន់តែរឹងមាំបន្ថែមទៀត។

សម្រាប់កម្មវិធីចុងក្រោយសម្ដេចតេជោបានអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលបានទទួលមរណភាពកាលពីពេលថ្មីៗកន្លងទៅនេះ។ ជាមួយគ្នានោះសម្ដេចតេជោក៏បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតរបស់ប្រទេសជប៉ុនផងដែរ៕ 

អត្ថបទដែលជាប់ទាក់ទង