ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញធ្វើជាសហដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ តាមប្រព័ន្ធវីដេអូ

នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូកម្ពុជា បានអញ្ជើញធ្វើជាសហដឹកនាំកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកទី៧ តាមប្រព័ន្ធវីដេអូ តបតាមការអញ្ជើញរបស់នាយឧត្ដមសេនីយ៍ អនុភុង ផៅចិន្តា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រថៃ។ 

ក្រោយបញ្ចប់កិច្ចប្រជុំ ភាគីទាំងពីរបានចេញសេចក្ដីប្រកាសព័ត៌មានរួម ឱ្យដឹងថាកិច្ចប្រជុំបានដំណើរការក្នុងបរិយាកាសមិត្តភាព សាមគ្គីភាព ភាតរភាព និងយោគយល់គ្នាទៅវិញទៅមក។ ភាគីទាំងពីរទទួលស្គាល់នូវសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងមានឆន្ទៈក្នុងការរក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងប្រទេសទាំងពីរ។  

កិច្ចប្រជុំបានផ្តល់តម្លៃខ្ពស់ដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនកម្ពុជា-ថៃ លើកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយចំនួន១៩ចំណុច។ 

ទី១. កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការឆ្លងកាត់ព្រំដែន៖ ភាគីទាំងពីរបានឯកភាពគ្នាបន្តអប់រំ និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមានសមត្ថកិច្ចនៅតាមតំបន់ព្រំដែនដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាព និងពេញលេញនូវកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។ 

២. កិច្ចសហប្រតិបត្តិការគ្រប់គ្រងការឆ្លងកាត់ព្រំដែនកំឡុងពេលឆ្លងរាលដាលជំងឺកូវីដ-១៩៖ ភាគីទាំងពីរលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ បង្កើនការសម្របសម្រួលឱ្យស៊ីសង្វាក់គ្នានូវបែបបទនីតិវិធី និងវិធានការឆ្លងកាត់ព្រំដែន រួមមានវិធានការសុខភាពសាធារណៈ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងដទៃទៀត សំដៅជួយសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន និងបើកដំណើរការឡើងវិញនូវច្រកទ្វារព្រំដែនផ្សេងទៀតដែលមិនទាន់បានបើកដំណើរការនៅឡើយ។ 

៣. កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មនិងវិនិយោគនៅតាមព្រំដែន៖ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការជំរុញ និងសម្របសម្រួលដល់សកម្មភាពពាណិជ្ជកម្ម និងសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនរវាងខេត្តបន្ទាយមានជ័យ-ខេត្តស្រះកែវ និងខេត្តកោះកុង-ខេត្តត្រាត។ បន្ថែមលើនេះ ភាគីទាំងពីរ ឯកភាពសហការ និងសម្របសម្រួលសកម្មភាពជំនួញ និងពាណិជ្ជកម្មនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីជំរុញចីរភាព និងវិបុលភាពរបស់ប្រជាជនរស់នៅតាមខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។ 

៤. កិច្ចសហប្រតិបត្តិការលើវិស័យដឹកជញ្ចូន៖ ភាគីទាំងពីរគាំទ្រដល់ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរពិចារណាឡើងវិញលើកិច្ចចរចាលើកិច្ចព្រមព្រៀងទ្វេភាគីស្តីពីការដឹកជញ្ជូនឆ្លងកាត់ព្រំដែនតាមផ្លូវគោករវាងកម្ពុជា និងថៃ ដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូនរវាងប្រទេសទាំងពីរ។ 

៥. កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក្នុងតំបន់ព្រំដែន៖ ភាគីទាំងពីរលើកទឹកចិត្តឱ្យខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរសម្របសម្រួលដល់ការធ្វើជំនួញផលិតផលកសិកម្មឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែន។ ភាគីទាំងពីរបានព្រមព្រៀងបន្តធ្វើសហប្រតិបត្តិការលើការងារអនាម័យនិងភូត្តគាមអនាម័យ ការគ្រប់គ្រងការផ្ទុះឡើងនៃជំងឺសត្វនិងរុក្ខជាតិ សហការលើការកសាងសមត្ថភាព ការផ្លាស់ប្ដូរលើព័ត៌មាន និងការស្រាវជ្រាវនិងអភិវឌ្ឍន៍។ 

៦. កិច្ចសហប្រតិបត្តិការឧស្សាហកម្ម៖ ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដើម្បីផ្ដល់ការគាំទ្រដល់វិនិយោគិនប្រទេសទាំងពីរ ធ្វើការបណ្តាក់ទុនបើកដំណើរ ការរោងចក្រនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរទស្សនកិច្ច រវាងមន្ត្រី និងអ្នកជំនាញក្នុងវិស័យឧស្សាហកម្ម ដើម្បីចែករំលែកឧត្តមានុវត្តនិងចំណេះធ្វើ។ 

៧. កិច្ចសហប្រតិបត្តិការលើវិស័យការងារ៖ ភាគីទាំងពីរបានឯកភាពគ្នាគាំទ្រដល់ក្រសួង ស្ថាប័ន និងមន្ត្រីពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការសម្របសម្រួលឱ្យពលករនៃប្រទេសទាំងពីរប្រើប្រាស់ប័ណ្ណ ព្រំដែនសម្រាប់ធ្វើការងារប្រចាំថ្ងៃ និងប្រចាំរដូវនៅតាមតំបន់ព្រំដែន។ 

៨. កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងច្រកទ្វារព្រំដែន៖ ភាគីទាំងពីរបានស្វាគមន៍ការបើក ដំណើរការជាផ្លូវការច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី(ខេត្តបាត់ដំបង)-បានខៅឌីន(ខេត្តស្រះកែវ) នៅក្នុង ឆ្នាំ២០១៨ និងស្វាគមន៍ការបិទបញ្ចប់ការងារសាងសង់ស្ពានមិត្តភាពកម្ពុជា-ថៃ ស្ទឹងបត់-បានណងអៀន នៅក្នុងឆ្នាំ២០១៩។ ភាគីទាំងពីរក៏បានលើកទឹកចិត្តឱ្យស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការឱ្យបានជិតស្និទ្ធដើម្បីឈានទៅបើកដំណើរការច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ (ខេត្តបន្ទាយមានជ័យ)- បានណងអៀន (ខេត្តស្រះកែវ) ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ បន្ថែមលើនេះ ភាគីទាំងពីរឯកភាពសហការពន្លឿនការដំឡើង និងការបើកដំណើរការច្រកទ្វារព្រំដែននៅសេសសល់ចំនួនបីទៀតជាច្រកទ្វារព្រំដែនអន្តរជាតិ មានដូចជា៖ (១) ច្រកទ្វារព្រំដែន អានសេះ(ខេត្តព្រះវិហារ)-អានម៉ា(ខេត្តឧប៊ុនរាជធានី) (២) ច្រកទ្វារព្រំដែនថ្មដា(ខេត្តពោធិ៍សាត់) បានថាសែន(ខេត្តត្រាត) និង(៣) ច្រកទ្វារព្រំដែនជប់គគីរ(ខេត្តឧត្តរមានជ័យ)-សាយតាតូ(ខេត្ត បុរីរ៉ាំ)។ ភាគីទាំងពីរក៏បានយល់ព្រមពិនិត្យលទ្ធភាពក្នុងការដំឡើងកម្រិតច្រកទ្វារព្រំដែនឆករកា (ខេត្តបាត់ដំបង)-បានម៉ាក់មួង(ខេត្តត្រាត)ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។ ជាងនេះទៅទៀត ភាគីទាំងពីរបានលើកទឹកចិត្តអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរឱ្យធ្វើការវាស់វែងលម្អិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ និងភូមិណនម៉ាក់មួន ខេត្តស្រះកែវ ដើម្បីបង្កើតច្រកទ្វារតំបន់ព្រំដែនថ្មីមួយទៀត។ 

បន្ថែមលើនេះ ភាគីទាំងពីរឯកភាពថាមិនបិទច្រកទ្វារព្រំដែនជាឯកតោភាគីឡើយ។ ការបិទច្រកទ្វារព្រំដែនណាមួយ គប្បីធ្វើឡើងដោយមានហេតុផលច្បាស់លាស់ និងតាមការចាំបាច់ និងដោយមានការព្រមព្រៀងពីអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ។ 

៩. កិច្ចសហប្រតិបត្តិការលើវិស័យសុខភាពសាធារណៈ និងការអភិវឌ្ឍសហគមន៍៖ ភាគីទាំងពីរឯកភាពជំរុញឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ឬរៀបចំសិក្ខាសាលា ឬសន្និសីទផ្សេងៗ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ព្រមទាំងវឌ្ឍនភាពលើការងារសេវាសុខាភិបាល។ 

១០. កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ៖ ភាគីទាំងពីរឯកភាពពិនិត្យលទ្ធភាពបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពីការផ្ដល់ជំនួយបន្ទាន់និងការឆ្លើយតបគ្រោះមហន្តរាយ។  

១១. កិច្ចសហប្រតិបត្តិការកាប់ឈើខុសច្បាប់៖ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរ ខេត្ត និងកងកម្លាំងមានសមត្ថកិច្ចតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ក្នុងការអប់រំណែនាំប្រជាពលរដ្ឋមិនឱ្យចាញ់ការអូសទាញ ទៅកាប់ឈើខុសច្បាប់តាមតំបន់ព្រំដែន និងក្នុងការអនុវត្ត វិធានការទប់ស្កាត់និងបង្ក្រាបការកាប់ឈើខុសច្បាប់បានទាន់ពេលវេលា។ 

១២. កិច្ចសហប្រតិបត្តិការថែរក្សាបរិស្ថានព្រំដែន៖ ភាគីទាំងពីរបានឯកភាពចាត់ឱ្យខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីថែរក្សាបរិស្ថាន រួមបញ្ចូលការធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំណល់រឹងនិងសំណល់រាវ នៅតាមបណ្ដោយព្រំដែន។ 

១៣. កិច្ចសហប្រតិបត្តិការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែន៖ ភាគីទាំងពីរវាយតម្លៃខ្ពស់ ចំពោះកងកម្លាំងនិងអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំងពីរដែលបានខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែន ជាពិសេសអំពើភេរវកម្ម ការជួញដូរគ្រឿងញៀនដោយខុសច្បាប់ ការជួញ ដូរមនុស្សនិងការរត់ពន្ធមនុស្ស ការជួញដូរអាវុធ គ្រាប់រំសេវ និងគ្រឿងផ្ទុះ។ បន្ថែមលើនេះ ភាគីទាំងពីរ គាំទ្រការកសាងភូមិសគ្មានគ្រឿងញៀន និងពង្រឹងដំណើរការនៃការិយាល័យទំនាក់ទំនងព្រំដែន (BLO) និងផែនការសកម្មភាពពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់និងបង្ក្រាបការជួញ ដូរគ្រឿងញៀន នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ។  
១៤. កិច្ចសហប្រតិបត្តិការបោសសម្អាតមីន៖ ភាគីទាំងពីរឯកភាពបន្តសហការការងារ ដើម្បីសម្របសម្រួលប្រតិបត្តិការដោះមីនដោយមនុស្សធម៌នៅតំបន់តាមបណ្ដោយព្រំដែន ក្នុងគោលបំណងបំពេញកាត្វកិច្ច ស្របតាមតាមមាត្រា៥ នៃអនុសញ្ញាស្ដីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស។ 

១៥. កិច្ចសហប្រតិបត្តិការទេសចរណ៍៖ ភាគីទាំងពីរឯកភាពលើការអភិវឌ្ឍផ្លូវទេសចរណ៍រួម ក្រោមមូលបទ «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» និងគាំទ្រលើការអភិវឌ្ឍការតភ្ជាប់ទេសចរណ៍ រវាងខេត្តឆ្នេរសមុទ្រកម្ពុជានិងខេត្តភាគខាងកើតប្រទេសថៃ។ 

១៦. កិច្ចសហប្រតិបត្តិការខេត្ត/ក្រុងសម្ព័ន្ធមេត្រី៖ និងលើកទឹកចិត្តឱ្យមានសកម្មភាពរួមគ្នា ដើម្បីជំរុញភាពជាដៃគូទីក្រុងសម្ព័ន្ធមេត្រីឱ្យកាន់តែប្រសើរឡើង និងប្រកបដោយចីរភាព។ ក្នុងនាមជាអ្នកជិតខាងល្អ ភាគីទាំងពីរឯកភាពធ្វើការរួមគ្នាពង្រឹងការប្តេជ្ញាចិត្តរួមគ្នាក្នុងការការពារនិងថែរក្សា សម្បត្តិវប្បធម៌ និងធ្វើការឱ្យកាន់តែជិតស្និទ្ធ ដើម្បីលើកកម្ពស់ការយល់ដឹងសាធារណៈ ការយោគយល់ ទៅវិញទៅមក និងការគោរពទៅវិញទៅមកនៃវប្បធម៌និងអត្តសញ្ញាណជាតិនីមួយៗ។ 

១៧. យន្តការកិច្ចសហប្រតិបត្តិការថ្នាក់ខេត្តនិងថ្នាក់មូលដ្ឋាន៖ ភាគីទាំងពីរលើកទឹកចិត្ត អភិបាលខេត្តជាប់ព្រំដែន និងថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុកជាប់ព្រំដែន នៃប្រទេសទាំងពីរ ឱ្យសហការរៀបចំកិច្ចប្រជុំជាប្រចាំ ដោយប្តូរវេនគ្នាជាម្ចាស់ផ្ទះ ទៅតាមការព្រមព្រៀងគ្នារវាងអភិបាលខេត្ត ជាប់ព្រំដែននៃប្រទេសទាំងពីរ។ 

១៨. កិច្ចការផ្សេងៗ៖ ភាគីទាំងពីសម្ដែងនូវក្តីសោមន្សរីករាយចំពោះខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងឆ្នាំ២០២០ ដែលបានរៀបចំព្រឹត្តិការណ៍ អបអរសាទរជាច្រើនពេញមួយឆ្នាំ។ កិច្ចប្រជុំលើកទឹកចិត្តឱ្យមានសកម្មភាព ឬព្រឹត្តការណ៍បន្ថែមទៀត ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ នៅចុងបញ្ចប់នៃសេចក្ដីព័ត៌មានរួមស្ដីពីកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៧ ភាគីកម្ពុជាបានបញ្ចាក់ពីយល់ព្រមទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃលើកទី៨ ដោយកាលបរិច្ឆេទ ពេលវេលា និងទីកន្លែងរៀបចំកិច្ចប្រជុំលើកទី៨ នឹងត្រូវពិភាក្សាគ្នាតាមផ្លូវទូត៕ 

អត្ថបទដែលជាប់ទាក់ទង