ប្រសាសន៍សម្តេច
"...ទិសស្លោកប្រយុទ្ធប្រឆាំងគ្រឿងញៀន បីកុំ មួយរាយកាណ៍ ៖ - កុំពាក់ព័ន្ធ ៖ កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។ - កុំអន្តរាគមន៍ ៖ កុំរារាំងការរអនុវត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឫ មិត្តភក្កិក៏ដោយ ។ - កុំលើកលែង ៖ កុំបន្ធូរបន្ថយការអនុត្តច្បាប់ចំពោះឧក្រិដ្ឌជនគ្រឿងញៀន។ សមត្ថកិច្ចពាកព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ដោយមុឺងម៉ាត់ និងស្មោះត្រង់វិជ្ជាជីវ:របស់ខ្លួន ហើយជនគ្រប់រូបត្រូវគោរព និងអនុវត្តច្បាប់ ។ មួយរាយការណ៍៖ត្រូវរាយការណ៍ ផ្តលព័ត៌មាន ដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃផលិតនិងទីតាំងស្តុកទុកគ្រឿងញៀនខុសច្បាប់ដល់សមត្ថកិច្ច ៕..."

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករ សហគ្រិនវ័យក្មេងចំនួន១ពាន់នាក់ និងក្រុមការងារគ្រីស្ទបរិស័ទដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ចំនួន៦៥០នាក់ រៀបចំដោយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅសាលមហោស្រពសង្កែ ខេត្តបាត់ដំបង

នៅល្ងាចថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយអាជីវករ ពាណិជ្ជករ សហគ្រិនវ័យក្មេងចំនួន១ពាន់នាក់ និងក្រុមការងារគ្រីស្ទបរិស័ទដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ចំនួន៦៥០នាក់ រៀបចំដោយគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង នៅសាលមហោស្រពសង្កែ ខេត្តបាត់ដំបង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនអង្គពិធីនូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ដែលចំពោះអង្គពិធីទាំងមូលដែលបានចូលរួមគាំទ្រក្នុងសកម្មភាពបំរើជាតិ បំរើប្រជាជនរបស់គណបក្សប្រជាជន ពិសេសគាំទ្រដល់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យទទួលបានជោគជ័យនាេពេលខាងមុខនេះ។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់អំពីគុណតម្លៃសុខសន្តិភាពដែលធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ សេដ្ឋកិច្ចជាតិមានការរីកចំរើនជាលំដាប់ ពិសេសធ្វើឱ្យពលរដ្ឋរស់នៅដោយគ្មានការព្រួយបារម្ភអំពីការប្រយុទ្ធគ្នាក្នុងសមរភូមិដូចអតីតកាលដែលបានធ្វើឱ្យប្រជាជនធ្លាក់ក្នុងភ្លើងសង្គ្រាម ស្លាប់ របួស ពិការភាព បែកបាក់គ្រួសារ និងប្រទេសជាតិត្រូវរងការបំផ្លិចបំផ្លាញ់គ្រប់វិស័យ។ សម្ដេចបានសង្កត់ធ្ងន់ថាគណបក្សប្រជាជនកម្ពុជាបានជួយសង្គ្រោះប្រជាជន ស្ដារ និងដឹកនាំប្រទេសជាតិតាំងពីសំណុចសូន្យរហូតរីកចំរើនដូចសព្វថ្ងៃ។

សម្ដេចបានបន្តថាគណបក្សប្រជាជនកម្ពុជា ទទួលស្គាល់ថាខ្លួនមានប្រវត្តិឡើងកាន់អំណាចដោយសង្គ្រាម ប៉ុន្តែវាជាសង្គ្រាមដែលធ្វើឡើងដោយសារគ្មានជម្រើស ដ្បិតត្រូវប្រឈមមុខនឹងរបបឃោរឃៅខ្មែរក្រហម ប៉ុន្តែថ្នាក់ដឹកនាំគណបក្សបានធ្វើកំណែទម្រង់ដោយផ្ដល់តម្លៃដល់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស រហូតចរចាបង្កើតបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឈានទៅរៀបចំការបោះឆ្នោតជាលើកដំបូងនៅឆ្នាំ១៩៩៣ រហូតមានការបោះឆ្នោតជាបន្តបន្ទាប់ ទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតឃុំ សង្កាត់ និងការបោះឆ្នោតអសកលមួយចំនួនទៀត។

ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់នេះ សម្ដេចក្រឡាហោមបានមានប្រសាន៍ក្នុងន័យដើមថា«ប្រជាពលរដ្ឋលោកមានសិទ្ធិដើម្បីបោះឆ្នោតតែងតាំងអ្នកដឹកនាំនៅមូលដ្ឋាននេះដោយផ្ទាល់។ ដូច្នេះវាជួយពង្រឹងស្ថិរភាព ហើយក៏ដូចជាជួយពង្រឹងលទ្ធិប្រជាធិបតេយ្យនេះឱ្យកាន់តែរឹងមាំផងដែរ បើទោះមានមតិខ្វែងគ្នាក្នុងកិច្ចការមូលដ្ឋានរបស់យើង តែយើងមានស្មារតីសាមគ្គីភាពជាមួយគ្នា ក្នុងឋានៈយើងជាខ្មែរដូចគ្នា។ យើងក៏បានកែទម្រង់រដ្ឋបាលឃុំ សង្កាត់ពីរដ្ឋវាលគ្មានអំណាចឱ្យមានអំណាច ពីគ្មានធនធានឱ្យមានធនធាន ហើយប្រជាពលរដ្ឋក៏ទទួលស្គាល់ការងារនេះ សហគមន៍អន្តរជាតិក៏បានទទួលស្គាល់កំណែទម្រង់នេះដែរ»។

ពីវេទិកាអធិបតីនេះដែរ សម្ដេចក្រឡាហោម ស ខេង បានបន្តគូសបញ្ជាក់អំពីឆន្ទៈរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ ដោយសម្ដេចបានគូសបញ្ជាក់អំពីការបន្តប្ដេជ្ញាចិត្តធ្វើវិមជ្ឈការ វិសហមជ្ឈការ ពិសេសការផ្ទេរតួនាទី និងការទទួលខុសត្រូវ រួមមានមុខងារ សិទ្ធិអំណាច ធនធានលើវិស័យមួយចំនួនពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ។ សម្ដេចក៏បានលើកឡើងពីលំហរប្រជាធិបតេយ្យ វត្តមានបណ្ដាគណបក្សនយោបាយ និងសង្គមស៊ីវិលជាតិ និងអន្តរជាតិ។

មុននឹងបញ្ចប់ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះការចូលរួមរបស់អាជីវករ ពាណិជ្ជករ សហគ្រិនវ័យក្មេងដែលបានចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ច និងគាំទ្រគោលនយោបាយរាជរដ្ឋាភិបាល។ សម្ដេចក៏បានថ្លែងអំណរគុណគ្រីស្ទបរិស័ទទាំងអស់ដែលបានចូលរួមលើកស្ទួយការអប់រំ ការបណ្ដុះបណ្ដាលធនធានមនុស្ស ពិសេសគាំទ្រដល់ដំណើរការការពារសុខសន្តិភាព និងការអភិវឌ្ឃជាតិ។ សម្ដេចក៏បានអំពាវពាវអង្គពិធីអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់គ្នា បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមធ្វើឱ្យការបោះឆ្នោតនេះបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ គ្មានអំពើហិង្សា៕

អត្ថបទដែលជាប់ទាក់ទង